ចង់លក់ផ្ទះបានតម្លៃល្អកុំនិយាយឱ្យរួចពីមាត់! អនុវត្ត៨ចំណុចនេះហើយធានាជោគជ័យក្នុងការលក់ផ្ទះហើយបានតម្លៃតាមប្រាថ្នា
មែនទែនទៅបើនិយាយចំពោះការលក់ផ្ទះមិនមែនគ្រាន់តែទៅដើរមើលហើយស្ដាប់កាលណែនាំផ្ទះរបស់ខ្លូននោះទេ។ ព្រោះនេះជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់ ព្រោះភ្ញៀវម្នាក់ៗដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះក៏មិនប្រាកដថាជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។
យោងតាមការដកស្រង់ចេញពីគេហទំព័រ HomeOwner Alliance បានលើកយក៨ ចំណុនដែលជួយបង្កើនជោគជ័យក្នុងការលក់ផ្ទះហើយបានតម្លៃតាមប្រាថ្នា៖
១.បង្កើតទំនុកចិត្តដល់អតិថិជន
ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុតក្នុងពិភពអាជីវកម្ម ជាពិសេសអ្នកលក់ត្រូវបង្កើតការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងការជឿជាក់លើមនុស្ស(ជឿជាក់លើអ្នកលក់ផ្ទាល់) ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល និងរៀននិយាយដោយភាពស្វាហាប់ និងជឿជាក់ដើម្បីធ្វើឱ្យខ្លួនក្លាយជាមនុស្សជាទីទុកចិត្ត។
២. និយាយពីចំណុចលក់សំខាន់បំផុតមុនគេ
អតិថិជនភាគច្រើនមានការចាប់អារម្មណ៍នូវសម្តីដែលអ្នកនិយាយមុនដំបូងបំផុត ហើយការណែនាំចំណុចដែលពិសេសមុនគេនឹងធ្វើឱ្យអតិថិជនមានការចាប់អារម្មណ៍ខ្លាំង និងបន្តដាក់អារម្មណ៍ស្តាប់អ្នកបន្តទៀត។ តាមការពិសោធន៍ជាក់ស្តែង ការធ្វើដូចនេះនឹងបង្កើនប្រសិទ្ធភាពការលក់ និងអាត្រាជោគជ័យខ្ពស់។
៣.ស្តាប់ដោយយកចិត្តទុកដាក់
កុំនិយាយតែម្នាក់ឯង ហើយមិនទុកឱកាសឱ្យអតិថិជនបង្ហាញចំណាប់អារម្មណ៍ ដែលវាជាកំហុសធំបំផុត។ អ្នកត្រូវតែស្តាប់អតិថិជនឱ្យបានច្រើន ស្វែងយល់ពីការចង់បានរបស់ពួកគាត់ និងការគិតរបស់គាត់ដោយប្រើប្រាស់វិធីសួរសំណួរឆ្លាតវៃរបស់អ្នកដើម្បីដឹងពីតម្រូវការអតិថិជន ហើយធ្វើការឆ្លើយតបឱ្យបានសក្តិសមបំផុត។
៤.ប្រើប្រាស់របៀបនិយាយឱ្យត្រូវនឹងប្រភេទអតិថិជន
ទោះបីអតិថិជននោះមកទិញផ្ទះ ឬផលិតផលដូចគ្នាក៏ដោយ តែការចង់បាន និងកង្វល់របស់ពួកគាត់គឺតែងតែមានភាពខុសៗគ្នា។ ប្រសិនបើអតិថិជនទិញចង់ទិញផ្ទះមែន តែអ្នកដែលចង់ទិញដើម្បីរស់នៅ នឹងផ្តោតខ្លាំងលើបរិយាកាសរស់នៅ និងសុវត្ថិភាព ហើយអ្នកដែលចង់ទិញដើម្បីវិនិយោគ នឹងផ្តោតខ្លាំងលើការកើនតម្លៃ និងសក្តានុពលនៃតំបន់ រីឯអ្នកដែលទិញដើម្បីកូនៗ នឹងផ្តោតខ្លាំងលើតំបន់ជិតសាលារៀនឬស្ថាប័នអប់រំនានា។ ដូចនេះ អ្នកមិនត្រូវទន្ទេញគម្ពីរលក់ទាំងមូល ហើយព្យាយាមសូត្រគ្រប់ពាក្យឱ្យអតិថិជនស្តាប់នោះទេ អ្នកត្រូវតែសង្កត់នូវចំណុចដែលអតិថិជនចង់ដឹងខ្លាំងបំផុត។
៥.ចេះរៀបរាប់ពីទិដ្ឋភាពរស់នៅ
អ្នកលក់ជាច្រើនចូលចិត្តនិយាយតែនៅជិតតំបន់នេះ តំបន់នោះ ដូចសូត្រមេរៀនឱ្យគេស្តាប់ តែមិនបានដាក់អារម្មណ៍អំពីភាពអស្ចារ្យ និងចេះព័ណ៌នាពីទស្សនីយភាពនៃការរស់យ៉ាងស្ទាត់ជំនាញ ដែលអាចធ្វើឱ្យអតិថិជនស្រមើស្រមៃឃើញពីជីវិតដ៏ប្រសើរដែលគាត់នឹងមាននៅក្នុងបុរីនោះ។ លុះត្រាណាតែអ្នកអាចបញ្ចូលអារម្មណ៍ឱ្យអតិថិជនអាចស្រម៉ៃឃើញពីទិដ្ឋភាពនោះ ការលក់របស់អ្នកអាចមិនបានផលគាប់ប្រសើរឡើយ។
៦.ជឿជាក់លើផលិតផលខ្លួនឯង
គ្រប់សំណង់ផ្ទះទាំងអស់តែងតែមានចំណុចខ្លាំង និងចំណុចខ្សោយ ហើយអ្នកមិនត្រូវបាក់ទឹកចិត្តក្នុងការលក់ដោយសារតែគុណវិបត្តិរបស់ផលិតផលអ្នកនោះទេ។ ប្រសិនបើអ្នកមិនជឿជាក់លើអ្វីដែលអ្នកលក់នោះទេ អ្នកនឹងមិនអាចទាក់ចិត្តអតិថិជនឱ្យជឿជាក់ទិញផ្ទះពីអ្នកបានឡើយ។ ចាត់ទុកផ្ទះដែលអ្នកលក់ដូចជាកូនរបស់អ្នក ដែលតែងតែល្អបំផុតសម្រាប់អ្នក ហើយជាមួយនឹងអារម្មណ៍នេះ អ្នកនឹងអាចលក់បានដោយជឿជាក់។
៧. ចេះប្រើប្រាស់តួរលេខ
ការប្រើប្រាស់តួរលេខគឺជាតិចនិចមួយជួយបង្កើនភាពប៉ិនប្រសប់ និងជំនាញរបស់អ្នកដល់អតិថិជន។ ប្រសិនបើអ្នកអាចប្រើប្រាស់តួរលេខប្រៀបធៀបឱ្យអតិថិជនស្តាប់ ដូចជាតម្លៃនៅជុំវិញ (ប្រសិនបើអ្នកមានតម្លៃល្អជាង) ឬក៏ប្រើបាស់តួរលេខជាក់ស្តែងពីការឡើងតម្លៃអចលនវត្ថុនៅតំបន់ផ្សេងមកនិយាយដើម្បីសូកចូលក្នុងគម្រោងរបស់អ្នក នោះអ្នកប្រាកដជាអាចទាក់ចិត្តអតិថិជនបានជាមិនខាន។
៨. ដាក់ចំណុចសំខាន់មួយទៀតនៅចុងបញ្ចប់
ទោះបីជាខ្ញុំបានប្រាប់ថាត្រូវនិយាយពីចំណុចសំខាន់ពីក្បាលដំបូងមែនតែអ្នកក៏ត្រូវទុកព័ត៌មានពិសេសមួយទៀតនៅចុងបញ្ចប់ផងដែរ ព្រោះវាជាពេលដែលអ្នកត្រូវទាក់ចិត្តអតិថិជនចុងក្រោយ និងជះឥទ្ធិពលក្នុងការសម្រេចចិត្តទិញ។ នៅពេលរៀបរាប់ អ្នកអាចដាក់អ្វីដែលមិនសូវសំខាន់នៅកណ្តាលហើយនិយាយពីចំណុចសំខាន់នៅដើមនិងចុងដើម្បីធ្វើឱ្យអតិថិជនមានចិត្តរំភើបពេលឮព័ត៌មាននេះហើយសម្រេចិត្តទិញភ្លាមៗ៕
Comments
Post a Comment